GlobalVoices ក្នុង​

កម្ពុជា ៖ Bloggers លើកដម្កើង​អក្សរសាស្រ្ត​ខ្មែរ​

បកប្រែ​អត្ថបទ​នេះ​ក៏​មាន​ជា​ភាសា​:

Français · Cambodge : Les blogueurs se mobilisent pour la littérature khmère
Español · Cambodia: Bloggers promueven literatura Jemer
বাংলা · ক্যাম্বোডিয়া: ব্লগাররা খেমার সাহিত্য তুলে ধরছেন
Italiano · Cambogia: i blogger promuovono la letteratura khmer
македонски · Камбоџа: Блогерите ја промовираат кмерската книжевност
English · Cambodia: Bloggers promote Khmer Literature

អក្សរ​រលត់​ ​ជាតិ​រលាយ អក្សរ​ពណ្ណរាយ​ ជាតិ​ថ្កើង​ថ្កាន​

នេះ​គឺ​ជា​សុភាសិត​ដ៏​ល្បីល្បាញ​របស់​ប្រទេស​កម្ពុជា​ដែល​តែង​តែ​លើក​យក​មក​​បង្រៀន​ក្នុង​មុខ​វិជ្ជា​អក្សរសាស្រ្ត​ខ្មែរ​ចាប់​តាំង​ពី​បឋម​សិក្សា​រហូត​ដល់​កម្រិត​សិក្សា​លំដាប់​ខ្ពស់​។​ សុភាសិត​មួយ​នេះ​បង្កប់​នូវ​ខ្លឹមសារ​ដ៏​មាន​ឥទ្ធិពល​ដែល​ជួយ​ជំរុញ​ឲ្យ​យុវជន​ជំនាន់​ក្រោយ​ចេះ​ជួយ​លើក​ដម្កើង​អក្សរ​សាស្រ្ត​ខ្មែរ​។ ជា​លទ្ធផល​ដ៏​គួរ​ឲ្យ​កើត​សរសើរ​ យុវជន​ជំនាន់​ក្រោយ​​ដែល​មាន​ចំណង់​ចំណូល​ចិត្ត​សរសេរ​ប្លក់​ដែល​យើង​តែងតែ​ហៅ​ថា​ bloggers​ បាន​បំឡែង​សុភាសិត​មួយ​នេះ​ទៅ​ជា​សកម្មភាព​ដោយ​បាន​ជួយ​លើក​ដម្កើង​សមិទ្ធិផលរបស់​អ្នក​និពន្ធ​ជំនាន់​មុន ក៏​ដូច​ជា​ខិតខំ​បង្កើត​នូវ​ស្នាដៃ​ផ្ទាល់​ខ្លួន​ព្រម​ទាំង​​​​បង្កើន​ទេពកោសល្យ​​របស់​ពួក​គេ​តាមរយៈ​ការ​បោះពុម្ព​ផ្សាយ​លើ​ពិភព​ឌីជីថល​និង​ដូចជា​នៅ​លើ​ទំព័រ​ក្រដាស​ផង​ដែរ​។​

យុវអ្នកនិពន្ធ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ២០០៧ ដោយ​ក្រុម​យុវនិពន្ធ​វ័យ​ក្មេង​ដែល​មាន​ទេពកោសល្យ​ផ្នែក​អក្សរសិល្ប៍​​ខ្មែរ​ក្នុង​គោល​បំណង​លើកដម្កើង​និង​អភិវឌ្ឍ​អក្សរសិល្ប៍​ខ្មែរ​ និង ពង្រីក​ទីផ្សារ​អក្សរសិល្ប៍​ខ្មែរ​ឲ្យ​បាន​ទូលំទូលាយ​។ អ្នក​និពន្ធ​វ័យ​ក្មេង​ជា​ច្រើន​ដែល​នៅ​ក្នុង​ក្រុម​នេះក៏​​បាន​ទទួល​ជ័យ​ជំនះ​ក្នុង​ការ​ប្រកួត​ប្រជែង​​ផ្នែក​អក្សរសិល្ប៍​​ខ្មែរ​ថ្នាក់​ជាតិ​ដែល​តែង​តែ​រៀប​ចំ​ឡើង​ជា​រៀង​រាល់​ឆ្នាំ​​ដោយ​ក្រសួង​អប់រំ​។​

បន្ថែម​ពី​លើ​នោះ​ពួក​គេ​ក៏​បាន​ទទួល​ការ​បណ្តុះបណ្តាលពី​សមាគមន៍​អក្សរសិល្ប៍​ផ្សេងៗ​ដែលមាន​ដូចជា​​​សមាគម​អក្សរសិល្ប៍​ នូ ហាច​ ដែល​មាន​គោលបំណង​​ពង្រីក​ និង​លើក​ដម្កើង​អក្សរសិល្ប៍​ខ្មែរ។​ សៀវភៅ​របស់​ពួកគេ​បាន​ទទួល​​ការ​លើកសរសើរ​ពី​សំណាក់​អ្នកអាន​ដែលចង់​ទទួល​បាន​ចំណេះដឹង​បន្ថែម​ទាក់​ទង​​នឹង​ការ​ក្លាយ​ទៅ​ជា​អ្នក​និពន្ធ​ដ៏​មាន​ទេពកោសល្យ​ម្នាក់។​

នៅ​ពេល​ដែល​មាន​សំនួរ​សួរ​ទាក់ទង​នឹង​ចំណាប់​អារម្មណ៍​ក្នុង​ការ​សរសេរ​និង​ការ​ចង់​ក្លាយ​ទៅ​ជា​អ្នក​និពន្ធ​មួយរូប​ សុខ ចាន់ផល​ អាយុ​ ២៦ឆ្នាំ ដែល​មាន​អាយុ​ច្រើន​ជាង​គេ​នៅ​ក្នុង​ក្រុម​ (​អាយុ​ជា​មធ្យម​នៅ​ក្នុង​ក្រុម​គឹ​ចាប់​ពី ១៩-២២) គេ​បាន​តប​ជា​ភាសា​ខ្មែរ​ថា​ ៖​

ខ្ញុំ​ចាប់​អារម្មណ៍​ព្រោះ​យល់​ថា​ជា​សិល្បៈ​ដែល​មិន​ងាយ​នឹង​ធ្វើ​បាន​ ទាល់​តែ​មនុស្ស​ពូកែ​ទើប​អាច​សរសេរ​ស្នាដៃ​បាន​ ចង់​ក្លាយ​ជា​មនុស្ស​ពុកែ​ក៏​ចង់​ក្លាយ​ទៅ​ជា​អ្នក​និពន្ធ​ គិត​ថា​មិនមែន​មនុស្ស​គ្រប់​គ្នា​អាច​ធ្វើ​ការងារ​នេះ​បាន​​ទេ បើ​ខ្លួន​ឯង​មាន​និស្ស័យ​គួរ​តែ​ខំប្រឹង​

សុផល​ក៏​បាន​បង្ហាញ​ពី​សារសំខាន់​របស់​ការងារ​ផ្នែក​អក្សរសិល្ប៍​ចំពោះ​អ្នក​អាន​ជនជាតិ​ខ្មែរនិង​សង្គម​ទាំង​មូល​ថា​៖​

ទីមួយ​ ខ្មែរ​មាន​អក្សរសិល្ប៍​​អាន​។ អប់​រំ​តាម​ស្នាដៃ​អ្នក​និពន្ធ​។ មនុស្ស​អាច​សិក្សា​ពី​សង្គម​មួយ​តាម​ស្នាដៃ​អក្សរសិល្ប៍​។ ខ្ញុំ​សង្កេត​ឃើញ​ថា​ បើ​ប្រទេស​ណា​ មាន​អ្នក​និពន្ធ​ពូកែ​ច្រើន​ប្រទេស​នោះ​ក៏​រីក​ចម្រើន​ដែរ​។ មនុស្ស​រៀន​តាម​សៀវភៅ​ បើ​មាន​សៀវភៅ​ល្អ​ច្រើន​ប្រាកដ​ជា​ល្អ​។

អ៊ីនធឺណេត​បានរួម​ចំណែក​​ជួយ​សម្រួល​ដល់​ការ​ទំនាក់​ទំនង​ក្នុង​ក្រុម​ ជាពិសេស​សម្រាប់​សមាជិក​មួយ​ចំនួន​របស់​ក្រុម​នេះ​ដែល​រស់​នៅ​តាម​ខេត្ត​ហើយ​មិន​អាច​ចូលរួម​ការប្រជុំក្រុម​យ៉ាង​ទៀងទាត់​។ សុផល​គិត​ថា​ប្លក់​គឺ​ជា​មធ្យោបាយ​ទំនាក់​ទំនង​ដ៏​ល្អ​មួយ​ “​ប្លក់​ប្រៀប​ដូច​ជា​ការិយាល័យ​របស់​ពួក​យើង​ ដែល​យើង​អាច​ចែករំលែក​ និង​ ធ្វើ​ឲ្យ​ស្នាដៃ​របស់​យើង​អាច​​រក​មើល​បាន​យ៉ាង​ទូលំទូលាយ​”​។

សមាជិក​ម្នាក់​នៅ​ក្នុង​ក្រុម ឈ្មោះ​ថា​អាចម៍​ផ្កាយ បាន​សរសេរ​ប្រវត្តិ​រូប​សង្ខេប​របស់​ក្រម​នៅ​លើ​ទំព័រ​ប្លក់​ដូច​ខាង​ក្រោម៖​

«ក្រុមអ្នកនិពន្ធវ័យក្មេង»ត្រូវ​បាន​បង្កើត​ដោយ​ក្រុម​សិស្ស​និស្សិត​មួយ​ក្រុម​ ក្រោយ​ពី​បាន​ឆ្លង​កាត់​វគ្គ​សិក្សា​រឿង​ខ្លី​នៅ​សមាគម​អក្សរសិល្ប៍​នូ​ហាច​រួច​មក។​ ក្រោយ​មក​ក្រុម​នេះ​​ត្រូវ​បាន​ដូរ​ឈ្មោះ​ជា​ «ក្រុមយុវអ្នក​និពន្ធ​ខ្មែរ​» វិញ​ម្តង​​​ ដោយ​បាន​ទទួល​ការ​ផ្តល់​យោបល់​ពី​អ្នកស្រី​ ប៉ិច​ សង្វាវ៉ាន់​​អ្នក​និពន្ធ​ខ្មែរ​នៅ​ប្រទេស​បារំាង​។​

នេះ​គី​ជា​ការ​តំណ​ភ្ពាប់​ទៅ​រក​ប្កក់​របស់​សមាជិក​វ័យ​ក្មេង​ និង​ ជា​អ្នក​និពន្ធ​ដែល​បាន​សរសេរ​រឿង​ខ្លី​ៗ និង កំនាព្យ​មួយ​ចំនួន​រួច​មក​ហើយ​​ ៖
អាចម៍​ផ្កាយ,បុរាណ​​​,សុខ​ ចាន់ផល,ចិត្រា,ក្មេងតូច,ណារដ្ឋ,និមល

ជា​ការ​គួរឲ្យ​កត់​សំគាល់​មួយ​ផង​ដែរ​ថា​ ប្រទេស​កម្ពុជា​គឺសំបូរ​ទៅ​ដោយ​អ្នក​ប្រាជ្ញ​និង​អ្នក​និពន្ធ​ជា​ច្រើន​ដែល​មាន​ស្នាដៃ​ផ្នែក​អក្សរសិល្ប៍​ អ្នក​និពន្ធ​ទាំង​នេះ​តាក់តែង​​ច្បាប់​ រឿង​ព្រេង​ និង​ រឿង​ប្រលោមលោក​ជា​ច្រើន​ ដើម្បី​អប់រំ​ និង ឆ្លុះ​បញ្ចាំង​ពី​សភាព​ពិត​ជាក់​ស្តែង​ក្នុង​សង្គម​ក្នុង​ពេល​មួយ​នោះ​។​ ឧទាហរណ៍​ដូចជា​រឿងប្រលោមលោក​មួយចំនួន​ដែល​បាន​បោះ​ពុម្ព​ផ្សាយ​ចុង​សតវត្ស​ទី​៣០ ដែល​បាន​លើក​យក​មក​ធ្វើ​ជា​អត្ថបទ​គោល​ដើម្បី​បង្រៀន​តាម​សាលា​ ដែល​មាន​ដូច​ជា​ “ផ្តាស្រពោន” និពន្ធ​ដោយ​លោក នូ​ ហាច​​​ “សូផាត” និពន្ធ​ដោយ​លោក រឹម គីន​ និង “​កុលាប​ប៉ៃលិន” និពន្ធ​ដោយ​លោក​ញ៉ុក ថែម ជាដើម។ ប្រលោម​លោក​ទាំង​នេះ​ក៏​មាន​ជា​លក្ខណៈ​ខ្សែ​ភាពយន្ត​ផង​ដែរ។ បន្ថែម​ពី​លើ​នោះ​​ក្នុង​កំឡុង​ឆ្នាំ ១៩៥០ ទៅ ១៩៧៥ មាន​សៀវភៅ​ប្រហែល​​ ៥០​ក្បាល​ក្នុង​មួយ​ឆ្នាំ​ត្រូវ​បាន​បោះ​ពុម្ព​ (Nepote, Jacques និង ឃីង ហុកឌី “​អក្សរសិល្ប៍ និង សង្គម​ក្នុង​ប្រទេស​កម្ពុជា​សម័យ​ថ្មី​”​ 1981:64)។​

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ អក្សរសិល្ប៍​ខ្មែរចំនួន​ជា​ច្រើន​ត្រូវ​បាន​បំផ្លាញ​ក្នុង​សម័យ​កម្ពុជា​ប្រជាធិបតេយ្យ​ (1975-1979) គឺ​ជា​ពេល​ដែល​បណ្ណាល័យ​ជាតិ​ត្រូវ​បាន​គេ​យក​ធ្វើ​ជា​កន្លែង​ចិញ្ចឹម​ជ្រូក​ទៅ​វិញ​។ មាន​ការ​ប៉ាន់​ប្រមាណ​ថា​ ប្រហែល​ជា​៥០%នៃ​សៀវភៅ​ដែល​បាន​និពន្ធ​ជា​ភាសា​ខ្មែរ​ត្រូវ​បាន​បំផ្លាញ​ (អាន “​អាគារ​ពេញ​ទៅ​ដោយ​សៀវភៅ” ដោយ Ledgerwood ក្នុង ការរស់​ឡើង​វិញ​នៃ​វប្បធម៌)។

ប្រទេស​កម្ពុជា​ខ្វះខាត​ធនធាន​អត្ថបទ​ជា​ពិសេស​ចាប់​តាំង​ពីការ​ដួលរលំ​របស់​របប​ខ្មែរ​ក្រហម​។ ក៏​ប៉ុន្តែ​មាន​ការ​ជឿជាក់​យ៉ាង​មុតមាំ​ថាការងារ​របស់​អ្នក​និពន្ធ​វ័យ​ក្មេង​ដែល​មាន​កម្លាំង​ជម្រុញ​ចិត្ត​ដ៏​ខ្លាំងក្លា​នឹងជួយ​ដាស់​ឲ្យ​សម័យ​មាស​របស់​អក្សរសិល្ប៍​កម្ពុជា​​ងើប​ឡើង​មក​វិញ​ម្តង​ទៀត។

ចាប់​ផ្តើម​ការ​សន្ទនា​

អ្នកនិពន្ធ​ សូម ចុះឈ្មោះចូល »

វិធានណែនាំ

  • រាល់វិចារណ៍ត្រូវសំរួល. កុំដាក់វិចារណ៍លើសពីម្តង ពុំនោះវាអាចចាត់ជាការបំពុល.
  • សូមគោរពអ្នកដទៃ. វិចារណ៍មានពាក្យពេចន៍ស្អប់ខ្ពើម អាសគ្រាម និងវាយលុកបុគ្គល​នឹងមិនបានអនុម័តយកទេ.