សកម្មជន​ថៃ​​ដែល​​ជា​​និពន្ធនាយក​​ជាប់​ពន្ធនាគារ​ ចំនួន ១១ឆ្នាំពី “​បទប្រមាថ”​ ព្រះមហាក្សត្រ

ក្នុង​បន្ទប់​សវនាការ​នាទីក្រុងបាងកក​ ប្រទេស​ថៃ​ដែល​ពោរពេញ​ទៅ​ដោយ​មនុស្ស​ម្នា​ គឺ​មាន​​ ការ​ភ្ញាក់​ផ្អើល​​​យ៉ាង​ខ្លាំង​ ​បន្ទាប់​​ពី​​តុលាការព្រហ្ម​​ទណ្ឌ​ចេញ​សាល​ក្រមដាក់ពន្ធនាគារចំនួន​ ១១ ឆ្នាំ ដល់​សកម្មជន​សិទ្ធិ​ពលករ ​និងជា​និពន្ធ​នាយក​របស់ ​សំឡេង​ថាក់ស៊ីន លោក ស៊ុមយុត​ ព្រឹក្សា​កាសេមស៊ុក (Somyot Prueksakasemsuk)​ ពី​បទប្រមាថព្រះមហាក្សត្រ។ ការភ្ញាក់ផ្អើល​នេះគឺ​ដោយសារ​តែ​សេចក្តី​សម្រេច​ឲ្យ​​មាន​ទោស​ចំពោះ​លោក​ ស៊ុមយុត​ និង​​ភាព​ធ្ងន់​ធ្ងរ​នៃ​​ ទណ្ឌកម្ម​។​ ខណៈ​ដែល​ទោស​ធ្ងន់បំ​ផុត​សម្រាប់​​ការ​ប្រមាថ​ព្រះមហាក្សត្រ​​​គឺការជាប់​ពន្ធនាគារ ១៥ ឆ្នាំ ករណី​មុន​គឺ​សុទ្ធតែមានរយៈ​ពេលខ្លីជាង។​ ប៉ុន្តែ លោក ស៊ុមយុត​ មិន​មាន​​​​ភ័ព្វសំណាង​ដូច្នោះ​​ទេ​ លោក​ត្រូវ​​បាន​ផ្តន្ទា​ទោស​ឲ្យ​ជាប់ពន្ធ​នាគារ ៥ ឆ្នាំ​ចំពោះ​ករណីនី​មួយៗ ដែល​សរុប​មាន​ចំនួន ២ ករណី បូក​រួម​ទាំង​មួយ​ឆ្នាំ​បន្ថែម​ទៀត​​ចំពោះ​ការព្យួរ​​ទោសរយៈ​ពេលមួយឆ្នាំដែល​លោក​ត្រូវ​បាន​ផ្តន្ទា​ទោស​នាឆ្នាំ២០០៩ ក្នុង​ករណី​មួយ​ផ្សេង​ទៀត។

លោក ស៊ុមយុត​ ត្រូវ​បាន​គេ​​អម​ដំណើរ​ពី​​តុលាការ​ឧក្រិដ្ឋកម្ម​​បន្ទាប់​ពី​​ទទួល​ការ​ផ្តន្ទា​ទោស​​​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន ១១​ឆ្នាំ​។ រូប​ថត​ដោយ លីលៀន សុវណ្ណ​រុមផា​ សិទ្ធិ​ថត​ចម្លង​ @Demotix (1/23/2013)

សាលក្រម​នេះ​បាន​ធ្វើ​ឲ្យ​​លោក ស៊ុម​យុត​ មាន​ការ​ខក​ចិត្ត​យ៉ាង​ខ្លាំង ដែល​មុន​នេះ​លោក​ត្រូវ​បាន​រាយការណ៍​ថា​​មមាន​គំនិត​សុទិដ្ឋិនិយម​ចំពោះ​ភាព​ស្អាតស្អំ​របស់​លោក ព្រោះ​លោក​ជឿជាក់​ថា​លោក​មិន​បាន​ប្រព្រឹត្តិ​​ខុស​អ្វី​ទេ។ ប្រាឆាថៃ​​ បាន​រាយការណ៍​ ថា​ មិត្តភក្តិ​​របស់​លោក​ ស៊ុមយុត ដែល​នៅ​ក្នុង​ពន្ធនាគារ​ ដែល​​គាត់​ត្រូវ​បាន​ឃុំ​ខ្លួន​អស់​រយៈ​ពេល​លើស​ពី ២០ ខែ​មក​នោះ​បាន​បង្ហើ​ប​ឲ្យ​​ដឹង​ថា​លោក ស៊ុមយុត​​ ធ្លាប់​បាន​សង្ឃឹម​ថា​តុលាការ នឹង​ផ្តល់ “​យុត្តិធម៌” ជូន​រូប​លោក ហើយ​​នឹង​​ធ្វើ​នូវ​រឿងដែលត្រឹមត្រូវ។ មេធាវីរបស់​​លោក ស៊ុមយុត​ នឹង​ធ្វើ​បណ្តឹង​ឧទ្ធណ៍ ចំពោះ​សាលក្រម​នេះ​ព្រម​​ទាំង​ស្វែងរក​ការ​ដោះលែង​​ឲ្យ​នៅ​ក្រៅ​ឃុំ។

សុទិដ្ឋិនិយម​របស់​លោក ស៊ុម​យុត​​ កើត​ចេញ​ពី​​​​​ចរិត​លក្ខណៈនៃ​ទោស​របស់​លោក។ លោក ស៊ុមយុត​ គឺ​ជា​​និពន្ធ​នាយក​នៃ ទស្សនាវដ្តី​នយោបាយ​មួយ​ដែល​មាន​ឈ្មោះ​ថា សំឡេង​ថាក់ស៊ីន​​ ​(​ត្រូវបាន​ហាម​ឃាត់​នាឆ្នាំ ២០១០) ដែល​បាន​ចុះ​ផ្សាយ​អត្ថបទ​ចំនួន​ពីរ​ នាឆ្នាំ២០១០ ដែល​ត្រូវ​បាន​គេ​គិត​ថា​បាន​រំលោភ​បំពាន​ច្បាប់​​​ការពារ​​​ព្រះមហាក្សត្រ។ លោក​ត្រូវ​​បាន​ប្តឹង​ជា​ផ្លូវ​ការ​​ក្នុង​ឆ្នាំ​២០១១ ហើយ​ត្រូវ​បាន​បដិសេធ​ចំពោះ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ ចំនួន​ ១២ ដង និង​ទី​បំផុត​ត្រូវ​បាន ផ្តន្ទា​ទោស​នៅ​​ថ្ងៃទី​២៣ ខែ​មករា ឆ្នាំ២០១៣។​​ អត្ថបទ​នេះ​ត្រូវ​បាន​ចេញ​ផ្សាយ​ដោយ​ប្រើ​ឈ្មោះ​ក្លែង​ក្លាយ​​ និង​​មិន​មាន​​​ការ​​និយាយស្ដី​ពាក់​ព័ន្ធ​នឹង​​​​ព្រះ​មហាក្សត្រ​ថៃ​នោះ​ទេ។​ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ តុលាការ​ជឿជាក់​ថា ខ្លឹមសារ​នៃ​អត្ថបទ​បង្កប់​ន័យ​យ៉ាង​ច្បាស់​ថា​​​​ចង់​សំដៅចំពោះ​នរណា ​ហើយ​​ក្នុង​នាម​ជា​អ្នកនិពន្ធ​នាយក​ជាន់​ខ្ពស់​ លោក ស៊ុមយុត​ គួរ​តែ​អាច​ដឹង​ពី​​លទ្ធផល​នៃ​ការ​បោះពុម្ពផ្សាយ​​របស់ពួកគេ ប៉ុន្តែ​​​ពួកគេ​នៅ​តែ​ទទូច​បោះ​ពុម្ពផ្សាយ​ទៀត។

“នីតិវិធី​តុលាការ​បង្ហាញ​​ឲ្យ​ឃើញ​ថា អត្ថបទ​ដែល​ចុះផ្សាយ​ដោយ ស៊ុម​យុត​ មិន​បាន​ប្រកាន់​ភ្ជាប់​នូវ​ទស្សនៈ​​បែប​បញ្ញវន្ដ​​ទាក់​ទង​នឹង​​ព្រះមហាក្សត្រ​នោះ​ទេ។ អត្ថបទ​នេះ​មាន​ន័យប្រមាថ​ និង​ជះ​ផល​អាក្រក់​ដល់​ព្រះមហាក្សត្រ ចៅក្រម ថាវី​ បាន ​និយាយ​ បែប​នេះ។​

សាលក្រម​នេះ​ទទួល​រង​នូវ​ការរិះគន់​ជាច្រើន​ពី​​អង្គការ​សិទ្ធិ​មនុស្ស​នៅ​ប្រទេសថៃ ភ្នាក់ងារព័ត៌មាន​អន្តរជាតិ និង​​អង្គការ​សិទ្ធិ​មនុស្សអន្តរជាតិ។ ទោះ​ជា​យ៉ាង​ណា​ក្តី នៅ​ប្រទេស​ថៃ​មាន​ការរាយការណ៍​ពី​ព័​ត៌មាននេះតិចតួចបំផុត​នៅ​ក្នុង​​បណ្ដាញ​សារព័ត៌មានសំខាន់ៗ​​។

ប្រតិកម្ម​របស់​ក្រុម​អ្នក​ប្រើប្រាស់​អ៊ីនធើណេត​​ចំពោះ​សាលក្រម​របស់​​លោក ស៊ុម​​យុត​ ក៏​ដូច​ជា​ករណី​មុនៗ​ដែរ គឺ​មានភាព ខ្វែងគំនិតគ្នា។ អ្នកខ្លះ​និយាយ​ថា​លោក ស៊ុមយុត​ ស័ក្តិ​សម​នឹង​ទទួល​ទោស​ពី​ព្រោះ​លោក​នៅ​តែ​បន្ត​និយាយ រិះគន់​ចំពោះ​ មាត្រាទី ១១២

មីត្រាផាប (mitrapaap) បាន​និយាយ​នៅ​ក្នុង​ គេហទំព័រ បាងកក​ ប៉ុស្តិ៍​ថា​ ៖​

គាត់​ស្ថិត​​នៅ​ក្រៅ​ឃុំ។​ ​គាត់​​ពិត​ជា​ដឹង​​យ៉ាងច្បាស់​​ពី​​លទ្ធផល​នៃ​ការ​​មិន​ព្រម​បិទ​មាត់​របស់​​​គាត់។ ​បុគ្គល​ម្នាក់​​គូរ​តែ​ធ្វើ​ការ​ជ្រើសរើស​ដោយ​ផ្អែក​លើ​មូលដ្ឋាន​ច្បាប់​ដែល​មាន​ស្រាប់ ទោះបី​ជា​អ្នក​ចូលចិត្ត​វា​ឬ​​អត់​ក៏​ដោយ​។​ អ្នក​មិន​អាច​ផ្លាស់ ប្តូរ​ច្បាប់​ដោយ​ការ​ល្មើស​ច្បាប់​បាន​ទេ​។

ប្លយ​ដូណាត់​ (ploydonut) បន្ថែម​ថា​ ៖​

ប្រទេស​ថៃ​គឺ​ជា​ប្រទេស​ដ៏​ល្អ​​មួយ ហើយ​មនុស្ស​អាក្រក់​ដែល​ប្រមាថ​ប្រទេស​​របស់​យើង​ ​ស្ថាប័ន​របស់​យើង​​ និង​ជន​ដែល​ប្រព្រឹត្តិ​បទ​ឧក្រិដ្ឋ​​គប្បី​ត្រូវ​បាន​ផ្តន្ទា​ទោស​ឲ្យ​​​ជាប់​ពន្ធនាគារ​​ឲ្យ​​បាន​យូរ។

ខុន ថៃ ហួចៃ សីង្ហ​ (Khon Thai Hua Jai Singh) បានសរសេរនៅក្នុង គេហទំព័រ​ ម៉ែណិជឺ​ (Manager) ថា ៖​

ចំពោះ​រាល់​សកម្មភាព​ដែល​ពាក់ព័ន្ធ​នឹង​ការ​ប្រឆាំង​នឹង​ព្រះមហាក្សត្រ ប្រសិន​បើ​អ្នក​គិត​ថា​ប្រទេសថៃ មិនមែន​ជា​កន្លែង​ល្អ​​សម្រាប់​រស់​​នៅ​ដោយសារ​តែ​យើង​មាន​ស្ថាប័ន​ព្រះមហាក្សត្រ នោះ​សូម​អ្នក​ទាំង​នោះ ចាកចេញ​ពី​ប្រទេស​យើង​ទៅ ព្រោះ​ប្រទេស​​នេះ​ជា​ប្រទេស​ដែល​គោរព​ស្រលាញ់​ព្រះមហាក្សត្រ។ ហើយ​ប្រសិន​បើ​អ្នក​គិត​ថា​អ្នក​ត្រូវ​បាន​បោក​ដោយ​ទណ្ឌិតលោក …. នោះ​ជា​ពេល​ដែល​ត្រូវ​ប្តូរ​ផ្នត់​គំនិត​របស់​អ្នក​ហើយ។ ​​នៅ​មិន​ទាន់​ហួស​ពេល​នៅ​ឡើយ​ទេ​សម្រាប់​គ្រួសារ និង​សង្គម​របស់​អ្នក​ក្នុង​​ការ​អធ្យាស្រ័យ​ចំពោះ​អ្វី​ដែល​​អ្នក​បាន​ប្រព្រឹត្តិ។ អ្នក​ត្រូវតែ​ជ្រើសរើស​ផ្លូវដើរ​​ដោយ​ខ្លួនឯង។

ផ្ទុយ​ទៅ​វិញ ក្រុម​សិទ្ធិមនុស្ស​ទាំង​ក្នុង​ និង​ក្រៅ​ស្រុក​បាន​ធ្វើ​ការ​ថ្កោលទោស​ចំពោះ​សាលក្រម​នេះ ហើយ​អ្នកខ្លះ​ទៀត​អះអាងថា​​លោក ស៊ុម​យុត ​ទទួល​ទោស​ធ្ងន់​យ៉ាង​​នេះ​​គឺ​ដោយ​សារ​តែ​លោក​គឺ​ជា​សកម្មជន​ក្នុងការ​ផ្តួចផ្តើម​​​ឲ្យ​​មាន កែ​ប្រែ​ លើ​មាត្រា​ទី​១១២​។

រយៈពេល​​ ១០ ឆ្នាំ ហាក់បី​ដូច​ជា​ធ្ងន់​ធ្ងរ​ពេក​ចំពោះ​មនុស្ស​ដែល​មាន​ម​តិ​គំនិត​ផ្សេង​ពី​អ្នកដ​ទៃ។ គោរព​ដល់​មតិយោបល់ និង​តម្លៃ​ខុសៗ​គ្នា​គឺ​ជា​អ្វី​ដែល​សង្គម​យើង​គួរ​តែ​រៀនសូត្រ។ នេះ​បើ​យោង​តាម ​​សម្តី​​​របស់​សកម្មជន​ជនជាតិ​ថៃ​ម្នាក់។

លូក ឆាវណា ថៃ​ (Luk Chaona Thai) សរសេរនៅលើ គេហទំព័រ ប្រាឆាថក (Prachatalk)យ៉ាងដូច្នេះថា

ការ​ផ្តន្ទា​​ទោស​លោក ស៊ុមយុត​ គឺ​ជា​ការ​រឹតត្បិត​ទៅ​លើសិទ្ធិ​សេរីភាព​នៃ​ការ​គិត​ដោយ​សេរី។ វា​ជា​រឿង​ធម្មជាតិ​ដែល មនុស្ស​គ្រប់​រូប​មាន​ទស្សនៈ​ខុសៗ​គ្នា ហើយ​គ្រប់​រូប​គប្បី​អាច​រស់​នៅ​សង្គម​មួយ​ដែល​អ្នក​ដ​ទៃ​ទៀត​មាន​គំនិត​ផ្សេង​ពី​ខ្លួន​។

ការ​សោកស្តាយ​ដ៏​ធំ​ តែ​មិន​មែន​​ជា​រឿង​គួរ​ឲ្យ​​ភ្ញាក់​ផ្អើល​ គឺ​ប្រតិកម្ម​​​អសកម្ម​នៃ​​​រដ្ឋាភិបាល យីង​ឡាក់​ (Yingluck)។ ព្រោះ​ថា​ នេះ​ជា​ទស្សនាវដ្តី​ដែល គាំទ្រ​លោក ថាក់​ស៊ីន​​ ដែល​ក្រោយ​មក​ប្រែ​ក្លាយ​ជា​ការ​បោះពុម្ព​ផ្សាយ​របស់​​ក្រុមអាវ​ក្រហម (​មាន​ទំនាក់​ទំនង​​យ៉ាង​ជិតស្និទ្ធ​ជាមួយ​នឹង​​​អតីត នាយករដ្ឋមន្ត្រី​ថាក់​ស៊ីន ដែល​ត្រូវ​ជា​បង​ប្រុស​របស់​នាយករដ្ឋមន្ត្រី យីងឡាក់) មាន​ចំណង​ជើង​ថា​ អំណាច​ពណ៌​ក្រហម​ ។ លោកស្រី​ ធីតា​ ថាវ៉នសិទ្ធិ​ (Thida Thavornseth)​ ប្រធានស្តីទី UDD ក៏​ស្ថិត​នៅ​ក្នុង​បន្ទប់​តុលាការ​ដែរ ហើយ​ក្រុម​​សកម្មជន​អាវ​ក្រហម​​ជា​ច្រើន​​​ក៏​បាន​​រៀប​ចំ សកម្មភាព​​ មួយ​ចំនួន​ដើម្បី​គាំទ្រ​​​នូវ​យុទ្ធនាការ​​​ដោះលែង ស៊ុមយុត​។ ប៉ុន្តែ ក្នុង​​នាម​​ជា​​ជន​​សង្ស័យ​​មួយរូប គណបក្សកាន់អំណាច ភឿ ថៃ​​ (Pheu Thai)​ មិន​មាន​បំណង​ក​ជ្រៀតជ្រែក​​ក្នុង​​​ករណី​នេះទេ។ ដូច​ លោកសាស្ត្រាចារ្យ​ ដាន់ខេន ម៉ែកខាហ្កូ​ (Duncan McCargo) អះអាងថា​

លោកស្រី​ យីងឡាក់ ស៊ិនណាវ៉ាត្រា (Yingluck Shinawatra)​ កំពុង​ព្យាយាម​រក្សា​​តុល្យភាព​យ៉ាង​ម៉ត់ចត់​​ដើម្បី​ការពារ​នូវ​ការ​ដោះដូរ​​ផ្នែក​នយោបាយ​ដែល​ជួយ​​ឲ្យ​លោកស្រី​ម​អាចកាន់អំណាចបន្ត​ទៀត​ ហើយ​ការ​ធ្វើ​បែប​នេះ​មាន​ន័យ​ថា​ជា​ការ​រក្សា​​តុល្យភាព​រវាង​​ស្ថាប័ន​ពួក​​អភិរក្ស​និយម ដែល​រួម​មាន​ក្រុមរាជវាំង ស្ថាប័នតុលាការ និងស្ថាប័ន​យោធា​នៅ​ម្ខាង​ទៀត​​។

ចាប់​ផ្តើម​ការ​សន្ទនា​

អ្នកនិពន្ធ​ សូម ចុះឈ្មោះចូល​ »

​សេចក្ដី​ណែនាំ

  • មតិ​ទាំង​អស់​នឹង​ត្រូវ​បាន​ពិនិត្យ​មើល​ដោយ​អ្នក​សម្រប​សម្រួល​. កុំដាក់មតិ​លើសពីម្តង ពុំនោះវាអាចចាត់ជា​សារ​បន្លំ​.
  • សូមគោរពអ្នកដទៃ. មតិ​មានពាក្យពេចន៍ស្អប់ខ្ពើម អាសគ្រាម និងវាយប្រហារ​លើ​បុគ្គល​នឹងមិនត្រូវ​បានអនុម័ត.