រយៈពេលនេះក្នុងឆ្នាំមុនៗ ប្រជាជនកម្ពុជានាំគ្នាចែករំលែកពីរឿងរ៉ាវដែលកើតមានក្នុងថ្ងៃឈប់សម្រាក និងនិយាយពីភាពរីករាយដែលពួកគេទទួលបានក្នុងពិធីបុណ្យអ៊ុំទូក អកអំបុក និងសំពះព្រះខែ។ ប៉ុន្តែមិនមែនលើកនេះទេ។ ប្រជាជនកម្ពុជានៅតែកាន់ទុក្ខឲ្យជនរងគ្រោះដែលបានបាត់បង់ជីវិតចំនួន 347 នាក់ក្នុង សោកនាដកម្មដែលបានកើតឡើងកាលពីសប្តាហ៍មុននៅលើស្ពានកោះពេជ្រ។
បណ្តាញផ្សព្វផ្សាយពត៌មានសំខាន់ៗ និងសូម្បីតែបណ្តាញទំនាក់ទំនងលើអ៊ិនធឺណេតក៏ត្រូវបានប្រើដើម្បីចែករំលែកនូវពត៌មានថ្មីៗ ដើម្បីអំពាវនាវឲ្យមានការជួយគំាំទ្រ និងដើម្បីបង្ហាញពីភាពសោកស្តាយដល់ក្រុមគ្រួសាររបស់ជនរងគ្រោះ។ មន្រ្តីរដ្ឋាភិបាលជាន់ខ្ពស់, អង្គការសង្គមស៊ីវិល, បណ្តាញយុវជន និងប្រជាជនគ្រប់រូប បានចូលរួមទំាងអស់គ្នា និងបានចាប់ផ្តើមគំនិតដើម្បីស្វែងរកជំនួយសម្រាប់អ្នកដែលកំពុងតែព្យាបាលរបួសនៅមន្ទីរពេទ្យ និងដើម្បីជួយឧបត្ថម្ភដល់ក្រុមគ្រួសារជនរងគ្រោះ។
ฺទន្ទឹមនឹងនេះក៏មានបញ្ហាចម្រូងចម្រាស់មួយចំនួន ដូចជា តើរដ្ឋាភិបាលគួរតែទទួលខុសត្រូវចំពោះភាពបរាជ័យរបស់ខ្លួនក្នុងការការពារ និងធានាឲ្យបាននូវសុវត្ថិភាពរបស់ប្រជាជនដែរឬទេ? ហើយក៏មានមនុស្សមួយចំនួនគិតថាសោកនាដកម្មនេះគួរតែចាត់ទុកថាជាបទពិសោធន៍មួយដ៏មានតម្លៃ ជាជាងផ្តោតលើការស្តីបន្ទោសគ្នាទៅវិញទៅមក។
ជនជាតិខ្មែរម្នាក់ដែលប្រើប្រាស់ facebook , ស្រេង សុភាព, មកពីរតនគិរី, ទិសឥសាននៃប្រទេសកម្ពុជានិយាយថា:
វាមិនមែនជាពេលដែលត្រូវស្វែងរកអ្នកមានកំហុសនោះទេ ប៉ុន្តែវាគួរតែជាពេលដែលត្រូវរកវិធីព្យាបាលរបួសខាងក្នុងចិត្តរបស់មនុស្សគ្រប់គ្នា។ នេះគឺជាបទពិសោធន៍ដែលយើងគួរតែរៀនសូត្រ មិនមែនត្រូវស្តីបន្ទោសនោះទេ…
អ្នកប្រើប្រាស់ facebook ម្នាក់ទៀត, សមសុខឬទ្ធិ ឆាលី, ត្រូវបានស្គាល់ថាជាសមាជិកអ្នកស្ម័គ្រចិត្តដ៏សកម្មម្នាក់ក្នុងគណកម្មធិការរៀបចំនៃ Barcamp ភ្នំពេញ 2010 , ជំរុញឲ្យសាធារណៈជនគិតថាអ្នកដែលស្លាប់ក្នុងព្រឹត្តិការណ៍នេះជាវីរៈជន :
ចូរកុំគិតថាពួកគេជា “ជនរងគ្រោះដ៏កំសត់”…ប៉ុន្តែចូរគិតថាពួគេជា “វិរៈជននៃគ្រោះថ្នាក់”។ ការស្លាប់របស់ពួកគេបានបន្សល់នូវបទពិសោធន៍ដ៏មិនអាចកាត់ថ្លៃបាន…
គ្រោះថ្នាក់នេះគឺជាហេតុផលដ៏សមរម្យមួយសម្រាប់រដ្ឋាភិបាលក្នុងការបង្កើតនូវប្រព័ន្ធការពារហានិភ័យដ៏មានប្រសិទ្ធិភាពមួយក្នុងប្រទេស។ មានអ្នកប្រើប្រាស់អ៊ីនធឺណេតម្នាក់បានផ្តល់ការណែនាំល្អៗមួយចំនួន។
ណយ សុផារី, បុគ្គលិកផ្នែកសិទ្ធិមនុស្ស, បានលើកឡើងពីការណែនាំរបស់គាត់តាមរយៈ ទំព័រfacebook :
ចំពោះការស្លាប់របស់ប្រជាជនដែលគ្មានកំហុស នៅកោះពេជ្រកំឡុងពេលបុណ្យអ៊ុំទូក អកអំបុក និងសំពះព្រះខែនេះ រដ្ឋាភិបាលគួរតែចាត់វិធានការការពារឲ្យបានខ្លាំងក្លាជាងនេះ ដូចជារៀបចំឲ្យមានតូបសម្រាប់ជួយសង្រ្គោះបន្ទាន់ ក្នុងចំងាយប្រហែលជា 200-300ម៉ែត្រ មួយ ៗ និងរៀបចំឲ្យមានផ្លូវសម្រាប់ឡានពេទ្យ ចំនួន4 អាចឆ្លងកាត់បាន។ ការស្លាប់បែបណាក៏ដោយវា គឺជាការខាតបង់មួយរបស់ប្រទេសជាតិ។ ជាមួយនឹងការសម្របតាម និងការកែលម្អ យើងប្រហែលជាអាចកាត់បន្ថយគ្រោះថ្នាក់ពីការស្លាប់ដោយមិនសមហេតុផលបានក្នុងរយៈពេល 5ឆ្នាំទៀត។ បន្តិចម្តងៗ យើងអាចផ្លាស់ប្តូរវប្បធម៌ដែលចូលចិត្តតែស្តីបន្ទោស កែលម្អឲ្យទៅជាវប្បធម៌នៃការទទួលខុសត្រូវវិញ។
ដូចគ្នានេះដែរ Norbert Klein, ស្ថាបនិករបស់កញ្ចក់សង្គម, ក៏បានផ្តល់នូវការណែនាំមួយចំនួន និងការដាស់តឿនដល់រដ្ឋាភិបាលអំពីការការពារហានិភ័យ:
វាគួរឲ្យសោកស្តាយ ចំពោះរឿងបានកើតឡើងដោយមានអ្នកស្លាប់ចំនួន 339 នាក់ (ហើយប្រហែលជាមានស្លាប់ជាបន្តទៀត), និងការព្រួយបារម្ភថាតើវានឹងនាំទៅរកការវិភាគដ៏ស៊ីជម្រៅពីមូលហេតុ- ហើយវាប្រហែលជានាំទៅរកការផ្លាស់ប្តូរដ៏សំខាន់លើការរៀបចំផែនការសុវត្ថិភាព។ សុវត្ថិភាពសម្រាប់មនុស្សជាច្រើន, ប៉ុន្តែក៏សម្រាប់អាគារខ្ពស់ៗដែលទើបសាងសង់ថ្មីជាច្រើនផងដែរ, អាគារខ្ពស់ៗដែលកងកម្លាំងពន្លត់អគ្គិភ័យមិនអាចឈោងដល់ព្រោះថាឧបករណ៍ថ្មីៗវាខ្ពស់ជាងជណ្តើរពួកគេ។
ក្នុងបទសម្ភាសន៍ជាមួយនឹងវិទ្យុអាស៊ីសេរី, អ្នកជំនាញការផ្នែកទេសចរណ៍ អ៊ុក វណ្ណា បានលើកឡើងពីកង្វះខាតការគ្រប់គ្រងព្រឹត្តិការណ៍សាធារណៈជាលក្ខណៈអាជីព និងខ្វះខាតនូវប្រព័ន្ធការពារហានិភ័យនៅក្នុងប្រទេសកម្ពុជា។
[…] ការរៀបគម្រោងមេ ដើម្បីការពារហានិភ័យឲ្យបានខ្ពស់បំផុត គួរអនុលោមតាមនិយាមអន្តជាតិ ដូចជាសិក្សាភាពហានិភ័យលើទីតាំងឲ្យបានសុក្រឹត រៀបចំកម្លាំងការពារសង្គ្រោះឲ្យសមាមាត្រទៅនឹងចំនួនមនុស្សដើរ កម្សាន្ត ឬចំនួនអ្នកទេសចរ ហ្វឹកហ្វឺនជំនាញបច្ចេកទេសដល់កម្លាំងសន្តិសុខលើផ្នែកនីមួយៗ និងរៀបចំក្រុមបម្រុងដើម្បីបង្ការ និងសង្គ្រោះពេលមានហានិភ័យដែលអាចកើតឡើងជាយថាហេតុនៅនឹងកន្លែង រៀបចំស្លាកសញ្ញាបង្ហាញផ្លូវថ្មើរជើង ត្រួតពិនិត្យចរន្តមនុស្សជាប្រចាំតាំងពីដើមដល់ចប់កម្មវិធី។[…]
ទោះបីជារដ្ឋាភិបាល ជាមួយនឹងការចូលរួមឧបត្ថម្ភពីបណ្តាញពត៌មានសំខាន់់ បានធ្វើសកម្មភាពយ៉ាងឆាប់រហ័សក្នុងការជួយសង្រ្គោះជនរងគ្រោះ និងក្រុមគ្រួសាររបស់ពួកគេដោយទទួលខុសត្រូវចំពោះថ្លៃព្យាបាល, ដឹកជញ្ជូនសាកសពទៅស្រុកកំណើត, និងចូលរួមក្នុងពិធីកាន់ទុក្ខ, វានៅមានរបាយការណ៍ទាក់ទងនឹងការគម្រាមពីមន្រ្តីសាធារណៈដែលបានជួយជនរងគ្រោះ។ វាក៏មានការខ្វះខាតហេដ្ឋារចនាសម្ព័ន្ធសុខភាពក្នុងការឆ្លើយតបទៅនឹងចំនួនមហាសាលរបស់ជនរងគ្រោះដែលចូលមកក្នុងពេលតែមួយ។ ការពិត, នៅតែមានសំនួរអំពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល, ការរៀបចំចាត់ចែងប្រាក់បរិច្ចាគដែលអាចនាំមកនូវប្រយោជន៍ផ្ទាល់សម្រាប់ជនរងគ្រោះ, និងកំណែលម្អប្រព័ន្ធការពារហានិភ័យ។